ឯកឧត្តម ព្រឹម រដ្ឋា នាំអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនពលរដ្ឋ៣០០គ្រួសារ នៅស្រុកស្ទោង..
(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកាឆ្នាំ ២០២៣ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចែកអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ជូនដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់កាលពីរដូវវស្សាកន្លងទៅចំនួន៣០០គ្រួសារ នៅស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរឯកឧត្តម ព្រឹម រដ្ឋា បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែមានការនឹករលឹក និងយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទវហេតុផ្សេងៗក៏ដូចជាគ្រោះទឹកជំនន់ជាដើម។
ជាមួយនេះផងដែរឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកបមុខរបរចិញ្ចឹមជីវិតប្រកបដោយខ្លួនឯង ជាពិសេសអំឡុងពេលក្រោយពីរងគ្រោះទឹកជំនន់នេះ ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពទូទៅ ដើម្បីលើកកម្ពស់ជីវភាពឡើងវិញផងដែរ។
លើសពីនេះឯកឧត្តម ព្រឹម រដ្ឋា ក៏បានណែនាំដល់អាជ្ញាធរត្រូវបង្កើនយកចិត្តទុកដាក់ខ្ពស់ដល់គោលការណ៍ភូមិឃុំមានសុវត្ថិភាពដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏ដូចជា ការអនុវត្តនូវគោលការណ៍របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឱ្យបានទទួលជោគជ័យដោយត្រចះត្រចង់។
ឯកឧត្តម ព្រឹម រដ្ឋា បានបញ្ជាក់បន្ថែមថា ថ្វីដ្បិតអំណោយនៅពេលនេះមានចំនួនតិចតួចក្តី ប៉ុន្តែក៏បានឆ្លើយតបទៅនឹងស្ថានភាពជីវភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្រោយពីរងគ្រោះដោយសារទឹកជំនន់រដូវវស្សា ៊បានមួយកម្រិត ក៏ដូចជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្ដេចទាំងពីរ តែងតែផ្ដល់ជូន ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងឧបទ្ទវហេតុផ្សេងៗនៅគ្រប់មូលដ្ឋានទាំងអស់។
គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋដែលទទួលបានអំណោយនៅពេលនេះមានចំនួន៣០០គ្រួសារ ដែលអញ្ជើញមកពីឃុំរុងរឿង ឃុំព្រះដំរី ឃុំបន្ទាយស្ទោង និងឃុំទ្រា ក្នុង០១គ្រួសារៗទល់ទទួលបាន÷ នូវអង្គរ០១បេ ទឹកសុទ្ធ០១កេស មី០១កេស ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ និងត្រីខ០១យួរផងដែរ។ អត្ថបទលោក ឆុន ឆេងក្រឹម_ពិនិត្យដោយអ៊ុមញឹប។