សមត្ថកិច្ចបង្ក្រាបទីតាំងខារ៉ាអូខេយីហោ SKY KTV ឃាត់ខ្លួនមនុស្សប្រុសស្រី ១០៧នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន…

បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។

ក្នុងប្រតិបត្តិការនោះមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជាលទ្ធផលកម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យចំនួន ១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះជនបរទេសចំនួន ៤២នាក់ ស្រី០៧នាក់ រួមមាន៖
១-ឥណ្ឌូនេស៊ី ២១នាក់ ស្រី០១នាក់
២-វៀតណាម ១៥នាក់ ស្រី០២នាក់
៣-ចិន ០៣នាក់ ស្រី០១នាក់
៤-ថៃ ០៣នាក់ ស្រី០៣នាក់។

ក្រៅពីនេះ ដកហូតបានម្សៅម៉ត់ សថ្លា ០៦កូនថង់ និង០១កូនថង់តូច ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ) ០១កញ្ចប់ ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់ ពណ៌លឿង ១០កញ្ចប់ ពណ៌ទឹកក្រូច ០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ (L V) ០១កញ្ចប់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេ SKY KTV ត្រូវបានបិទបណ្តោះអាសន្ន រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕