មេឈ្មួញឈើដ៏ល្បីឈ្មោះ ចាន់ ណា នៅបន្តធ្វើសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ជាដដែល រីឯមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ស្ពឹកស្រពន់ស្រងំនៅឆ្ងាយ…!!

ខេត្តសៀមរាប៖ មេឈ្មួញឈើដុះស្លែបំផ្លាញព្រៃឈើឈ្មោះ ចាន់ណា ប្រចាំងនៅខេត្តសៀមរាប កំពុងចាប់ដៃគូរកនសហការគ្នា ជាមួយមេឈ្មួញឈើ ដ៏ល្បីឈ្មោះ ប្រចាំខេត្តព្រះវិហារឈ្មោះសាក់ សិច បានធ្វើសកម្មភាពដឹកជញ្ជួនឈើ យ៉ាងសកម្មមិនមានពេលស្រាកស្រាន្តនោះឡើយ ចេញពីខេត្តព្រះវិហារ យកមកស្តុបទុកក្នុងឃ្លាំង និង បន្តចែកចាយ ក្នុងក្រុងសៀមរាប ខណៈមន្ត្រីជំនាញ និង ស្ថាប័នពាក់ព័ន្ធ គឺមិនអើពើបង្រ្កាបតែម្តង ។

រឿងមិនបង្ក្រាបនេះដោយមានមន្ត្រីជំនាញមួយចំនួនតូច នាពេលបច្ចុប្បន្ននេះ បានត្រូវដងត្រូវផ្លែលួចឃុបឃិតគ្នា និងក្រុមបទល្មើសព្រៃឈើ ទទួលបាននូវលាភសក្ការៈ ជាថ្នូរមិនបង្រ្កាប មូលហេតុនេះហើយ បានមានមតិមហាជនលើកឡើងថា “បច្ចុប្បន្នបទល្មើសព្រៃឈើ ស្ទើតែក្លាយជា អាជីវកម្មស្របច្បាប់របស់ក្រុមឈ្មួញទាំងអស់នោះហើយ។

នៅវេលាម៉ោង៦ :១០នាទី ព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២២ នេះ អង្គភាពយើង បានទទួល ព័ត៌មានមកថា លោក សិច ដែលជាមេឈ្មួញឈើ ដ៏ល្បីឈ្មោះ ប្រចាំខេត្តព្រះវិហារ បានធ្វើការដឹកជញ្ជូនឈើខុសច្បាប់ យកទៅលក់អោយ មេឈ្មួញឈ្មោះ ចាន់ណា យ៉ាងសកម្មនៅខេត្តសៀមរាប ។

ប្រភពស្មិតនិងក្រុមឈ្មួញសុំមិនបញ្ចេញឈ្មោះបង្ហើបថា បច្ចុប្បន្ននេះលោក សិច បានដឹកជញ្ជូនឈើ យកទៅទម្លាក់ស្តុកទុកក្នុងឃ្លាំងឈើរបស់លោក ចាន់ណា នៅចំណុច អូរប្រាំព្យាម ភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាបយ៉ាងអាណាធិបតេយ្យ ។

បន្តមកទៀត មេឈ្មួញឈើដ៏ល្បីឈ្មោះ ចាន់ណា បានដឹកជញ្ជូនឈើ ទាំងនោះ យកទៅស្តុបទុកនៅឃ្លាំងឈើមួយកន្លែងទៀត នៅចំកណ្ដាលក្រុងសៀមរាបបន្ត ស្ថិតក្នុងភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ហើយរក្សាចែកចាយ តាមដេប៉ូ នានា ក្នុងក្រុងសៀមរាប ។

គួររំលឹកផងដែរថា មេឈ្មួញឈើឈ្មោះ ចាន់ ណា ពិតជាល្បីឈ្មោះខ្លាំងមែន ជោគជ័យក្នុងមុខរបរក្នុងមុខជំនួញបទល្មើសព្រៃឈើ យ៉ាងដុះស្លែររាប់សិបឆ្នាំ មកហើយ តែនៅមិនទាន់ឃើញ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ចុះបង្រ្កាបសកម្មភាពនៃការដឹកជញ្ជួនឈើខុសច្បាប់របស់លោក ចាន់ណា បានម្តងណាឡើយទេ ។

ហើយ តាមប្រភពពី ក្រុមឈ្មួញ ដែលធ្លាប់រកសុីបទល្មើសព្រៃឈើជាមួយលោក ចាន់ណា បានបង្ហើបអោយដឹងបន្តទៀតច្បាស់ថា បច្ចុប្បន្ននេះ លោក ចាន់ណា គឺមានដេប៉ូឈើ នៅក្រុងសៀមរាប គឺមានច្បាប់អាជីវកម្មត្រឹមត្រូវពីមន្ត្រីជំនាញ (ច្រកចេញ តែមួយ) ។ ក៏ប៉ុន្តែ រាល់ឈើដែល លោក ចាន់ណា ប្រមូលទិញចូល ដាក់លក់ក្នុងដេប៉ូ គឺសុទ្ធសឹងតែជាឈើខុសច្បាប់សឹងតែទាំងអស់ ដែលបានប្រមូលទិញពីក្រុមឈ្មួញតូចតាច នានា និង ទិញពីក្រុមឈ្មួញ ដឹកជញ្ជូនមកពីខេត្តព្រះវិហារ ។

មជ្ឈដ្ឋានមហាជនទូទៅ កំពុងតែមានការព្រួយ បារម្ភណ៌ ការវិនាសហិនហោច ព្រៃឈើ ក្នុងខេត្តសៀមរាប និង ខេត្តព្រះវិហារ បើ អាជ្ញាធរពាក់ព័ន្ធ ឬ មន្ត្រីជំនាញ នៅតែបណ្ដែតបណ្ដោយឲ អោយក្រុមឈ្មួញ ឬ ក្រុមឧក្រិដ្ឋជនព្រៃឈើ មានសេរីភាព ក្នុងការចូលកាប់ឈើ ក្នុងតំបន់ហាមឃាត់ និង តំបន់ព្រៃអភិរក្ស ធ្វើការដឹកជញ្ជួនឈើខុសច្បាប់យ៉ាងអាណាធិបតេយ្យ យកទៅចែកចាយ បែបនេះជាបន្តទៀត ប្រាកដជារលាយព្រៃឈើអស់ជាមិនខាន ។

ជុំវិញបញ្ហាដូចខាងលើនៅរសៀលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២២ ដដែលនេះលោក ម៉ុង ប៊ុនលីម នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានប្រាប់ថា «ដេប៉ូឈើរបស់លោក ចាន់ណា គឺមានច្បាប់ត្រឹមត្រូវ ចេញពីច្រកចេញ ចូលតែមួយ ) ក៏ប៉ុន្តែឈើ មានច្បាប់ ឬអត់ច្បាប់ ទិញបន្តពីក្រុមហ៊ុនណា លោក ម៉ុង ប៊ុនលីម មិនឆ្លើយតបទេ គឺបិទទូរស័ព្ទ ចោលភ្លាមៗ » ។ ដោយឡែកលោក ចាន់ណា នៅមិនទាន់ បានទទួលការបំភ្លឺទេ ដោយសារ ខលទំនាក់ទំនងមិនបាន ។

ដូច្នេះមហាជន សូមអំពាវនាវ ដល់រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ សូមមេត្តា ដាក់អធិការកិច្ច ចុះស្រាវជ្រាវស៊ើបអង្កេត ភាពមិនប្រក្រតី នៃការដឹកជញ្ជូនឈើរបស់មេឈ្មួញទាំងពីរ ផង ព្រោះល្បីល្បាញ ខាងកន្ទេលធំបន្លំដេក គឺមានន័យថា ដេប៉ូឈើមានច្បាប់ ក៏ប៉ុន្តែបែរជា ប្រមូលទិញខុសច្បាប់ យកមកលក់ចែកចាយ ដើម្បីបន្លំភ្នែកមហាជន និងសមត្ថកិច្ចជំនាញ ៕