បួងសួងពិធីប្រកាសសច្ចវាចា សុំសេចក្តីសុខសេចក្តីចម្រើននៅបរិវេណ អភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប..
សៀមរាប៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប ការប្រារព្ធធ្វើពិធីប្រកាសសច្ចវាចាបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើននេះ ដែលរៀបចំធ្វើឡើងដោយលោកជំទាវ ហ៊ុន សេងនី និង ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ ប៊ុនលី មេបញ្ជាការរងកងអង្គរក្ស តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និង លោក សម សោមសក្តិ នាយករងរដ្ឋបាលសាលាខេត្ត ក្រោមព្រះវត្តមាននិមន្តចូលរួមរបស់ព្រះធម្មវនវាសី ចន្ទ មុនី ដើមី្បផ្តល់នូវពុទ្ធឱវាទតាមគន្លងព្រះសម្មាសាម្ពុទ្ធ។ ក្នុងនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីអ្នកមុខអ្នកការ និង បងប្អូនប្រជាពុទ្ធបរិស័ទ្ធជាច្រើនកុះករ។
ក្នុងពិធីប្រកាសសច្ចវាចាបួងសួង សុំសេចក្តីសុខសេចក្តីចម្រើន និងការនិមន្តមកដល់អភិរក្សដ្ឋានអង្គរ ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តធ្វើការបូជាទៀនធូក ផ្កាភ្ញី ថ្វាយដល់រូបលោកតាដំបងដែក និង រូបលោកមេទ័ពខ្លាំងពូកែនាសម័យអង្គរ ព្រមទាំងបាននិមន្តចូលថ្វាយបង្គំព្រះរូបបដិ មាករ ពីបុរាណកាលមក ដែលបានយកមកតំកល់ថែរក្សាទុកនៅក្នុងអភិរក្សដ្ឋានអង្គរ ដែលជាមរតកដូនតាខ្មែរយើង ដែលមិនអាចកាត់ថ្លៃបានបន្សល់ទុកសម្រាបកូនចៅយើងគ្រប់ជំនាន់។ ក្នុងពិធីបួងសួងនៅមុខព្រះអង្គរគោកធ្លកនោះដែរ ព្រះធម្មវនវាសី ចន្ទ មុនី បានផ្តល់នូវពុទ្ធឱវាទល្អៗ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និង ប្រជាពុទ្ធបរិស័ទ ឲ្យប្រតិបត្តិនូវតែអំពើល្អ និង ត្រូវមានការរួមសាមគ្គីគ្នា និង ត្រូវប្រកាន់ភ្ជាប់នូវធម៌ខន្តី មេត្តា។
ពិធីបួងសួងនេះ ស្ថិតនៅក្រោមដំណក់ទឹកភ្លៀងដ៏ត្រជាក់ត្រជុំ ដែលធ្វើការប្រោះព្រហ្មមកលើប្រជាពុទ្ធបរិស័ទ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកជំទាវក៏បានបួងសួងសូមឲ្យបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅលើលោក ដែលបានគង់ប្រថាប់នៅប្រាង្គប្រាសាទអង្គរវត្ត និង ប្រាសាទបុរាណនានាជាកេរ្តិ៍ដំណែលស្ថាបត្យកម្មដូនតាខ្មែរ មានលោកតារាជ្យ លោកតាពេជ្រ លោកយាយទេព្យ ព្រះអង្គចេកព្រះអង្គចម បារមីព្រះអង្គធំខ្នងភ្នំគូលែន និងព្រះបារមីព្រះអង្គគោលធ្លោក ព្រមទាំងទាំងបារមីដែលបានគង់ប្រថាប់នៅក្នុងអភិរក្សដ្ឋានអង្គរនេះ តាមជួយថែរក្សា និង ប្រសិទ្ធិពរជ័យជូនដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ និង ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។
ពិធីប្រកាសសច្ចវាចាបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន គឺ ស្ថិតក្នុងជំនឿតាមបែបព្រលឹងដែល ប្រជាជនខ្មែរយើង មានជំនឿជឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅដែលប្រព្រឹត្តិអំពើល្អ និង មានមនសិការស្នហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ៕